ទេពនិមិត្ត៤យ៉ាង

ដោយចង់អោយព្រះសិទ្ធត្ថបាន ជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់អោយគេ យាមមិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើភិលៀតនៅក្នុង ដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាម លោកីយគ្រប់ប្រការ។ នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះ ហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការខ្វល់ ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ ព្រះអង្គក៏ចេញទៅក្រសាលក្នុងអុទ្យាននាបរមរាជ វាំងដែលព្រះអង្គទ្រង់បានជួប ទេពនិមិត្ត ៤ប្រការដូចនេះ៖

* ១ - ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយទ្រង់ទតឃើញ ព្រះអង្គក៏ទ្រង់សួរ ទៅសេនាមាត្យថា នេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថា ព្រះករុណាលោកម្ចាស់នេះគឺជា «មនុស្សចាស់»។
* ២ - ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនអុទ្យានបានបន្តទៅមុខទៀត ទេពនិមិត្តទ្រង់និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួន ដោយ អាការរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យទៀតថា ចុះនេះជាមនុស្សយ៉ាងម៉េច ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោកម្ចាស់ មនុស្សនេះកំពុងមានជំងឺ
* ៣ - ទេពនិមិត្ត ជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនអុទ្យាបានមកនិមិត្តជាមនុស្ស កំពុងដេកស្លាប់ហើមស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយព្រះអង្គ មិនដែលទ្រង់បានទតឃើញក៏សួរទៅសេនាមាត្យដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថា មនុស្សយើងតែងមានការបែកធ្លាយរូបកាយស្លាប់យ៉ាងនេះព្រះករុណាលោកម្ចាស់។
* ៤ - ទេពនិមិត្ត ជាអ្នកបួស ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់ ធ្វើអោយ ព្រះសិទ្ធត្ថទ្រង់សង្វេគជាពន់ពេក ទ្រង់ធ្វើការពិចារណាទៅលើរូបកាយដោយព្រះអង្គអែងថា បណ្តារូបកាយនៃសត្វលោកទាំងឡាយនេះ នឹងមានសភាវ ចាស់ ឈឺ និងឈានដល់ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះអែងហ្ន៎ តើមានថ្នាំអែណា មានផ្លូវអែណាគេចអោយរួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូច នេះទេពនិមិត្តនិមិត្ត ជាសមណអ្នកបួសយ៉ាង ស្រគត់ស្រគមគួរជាទីជ្រះថ្លានៃ សត្វលោកទាំងឡាយអោយ ព្រះអង្គទតឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញហរទ័យ ត្រេកអជាក្រៃពេក ចំពោះសមណភេទនេះ។